សត្វត្រយ៉ងយក្ស

សត្វបក្សីត្រយ៉ងយក្សគឺជាសត្វដែលតំណាងអោយអត្តសញ្ញាណជាតិសត្វនៃប្រទេសកម្ពុជា។ វាមានរូបរាងធំជាងបក្សីដទៃទៀតនៅលើសកលលោក អាចថាធំជាងពីរដងនៃទំហំសត្វបក្សីធម្មតា ដែលអាចធ្វើអោយអ្នកស្រលាញ់ការមើលសត្វស្លាប ស្រលាញ់ការអភិរក្សនិងបរិស្ថានទាំងអស់ជាប់ចិត្តនិងរូបរាងដ៏កម្ររបស់វានេះ។

ប្រភេទសត្វដ៏កម្រនេះកំពុងតែមានវត្តមានបង្គួរនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក៏ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់អាចនឹងឈានទៅដល់ការផុតពូជទៀតផង។ វាធ្លាប់មានវត្តមាននៅក្នុងប្រទេសថៃ ក៏ប៉ុន្តែវាបានផុតពូជពីក្នុងប្រទេសនោះបាត់ទៅហើយ ហើយវាក៏ត្រូវបានគេប៉ាន់ប្រមាណថានឹងអាចផុតពូជនៅតាមតំបន់មួយចំនួនផ្សេងទៀតផងដែរ។ វាត្រូវបានគេចាត់ថ្នាក់ថាជាសត្វដែលប្រឈមនឹងការផុតពូជ តាមរយៈការរុនរានសំបុក និងការបរបាញ់ខុសច្បាប់ដ៏លើសលប់។

 

 

The IBIS Rice story

 

 

ច្រើនឆ្នាំមកនេះមានកសិករជាច្រើនបានចូលរួមធ្វើស្រែនៅបរិវេណជុំវិញព្រៃការពារនេះ។ ប្រជាជនជាច្រើនដែលរស់នៅតំបន់នេះមានចម្រុះជាតិសាសន៍មិនថាតែជនជាតិដើមភាគតិចនោះទេ ដែលពួកគាត់ទាំងនោះ ខ្លះត្រូវបានគេចម្លៀសចេញពីទីក្រុងមករស់នៅជនបទនាក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយពីរបបនោះបានផុតទៅ ពួកគេក៏បន្តរស់នៅក្នុងតំបន់នោះក៏ប៉ុន្តែពួកគាត់រស់នៅដោយគ្មានសិទ្ធិកាន់កាប់ដីនោះឡើយ។

ប្រជាជនទាំងនេះមានមុខរបរជាកសិករធ្វើស្រែ កាប់ឈើពីព្រៃនិងបរបាញ់សត្វព្រៃជាដើម។ កន្លងប៉ុន្មានឆ្នាំក្រោយមកទៀត អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)​ បានចាប់ផ្ដើមធ្វើការនៅតំបន់នោះ រួមទាំងបានរកឃើញថាប្រជាកសិករនៅតំបន់នោះកំពុងតែប្រជែងយកធនធានធម្មជាតិពីតំបន់ព្រៃការពារ និងបរបាញ់សត្វត្រយ៉ងយក្ស ដែលជាសត្វតំណាងអោយអត្តសញ្ញាណជាតិកម្ពុជា អង្គការបានដាក់គម្រោងមួយដែលអាចផ្ដល់អត្ថប្រយោជន៍ដល់ទៅប្រជាជននៅក្នុងតំបន់និងការការពារបរិស្ថាន។

 

 

នៅក្នុងប្រទេសកម្ពុជាមានតែតំបន់នេះទេដែលសំបូរទៅដោយព្រៃសំបូរបែប ដូចជាព្រៃឈើដែលដណ្ដប់ទៅដោយវាលស្មៅក្រាស់នៅភាគខាងអាស៊ីអាគ្នេយ៍ ទាំងនេះគឺជាមូលហេតុដែលនាំអោយប្រភេទសត្វកម្រជាច្រើនជ្រើសទីតាំងនេះដើម្បីរស់។

តាមរយៈការធ្វើការសហការណ៍រួមគ្នារវាងដៃគូ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សមាជិកកសិករអាយប៊ិសរ៉ាយ និងភាគីរដ្ឋាភិបាលបានអនុម័តសម្រេចអោយអ្នកភូមិមានសិទ្ធិកាន់កាប់លើប្លង់ដីដែលពួកគេរស់នៅ។ ប្រសិនបើពួកគាត់មានសិទ្ធិក្នុងការកាន់កាប់ដីធ្លីដែលពួកគាត់រស់នៅ នោះពួកគាត់នឹងមានកម្លាំងចិត្តគិតគូបានវែងឆ្ងាយអំពីតំបន់របស់ពួកគាត់។ តាមរយៈគម្រោងស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ អាយប៊ិសរ៉ាយនេះ ពួកគាត់បានយល់ព្រមធ្វើកសិកម្មតាមក្បួនខ្នាតស្តង់ដារស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ និងការពារបរិស្ថាន ដោយឈប់បរបាញ់សត្វព្រៃខុសច្បាប់ និងធ្វើកសិកម្មនៅលើទីតាំងដីដែលបានកំណត់និងមិនកាប់បំផ្លាញព្រៃឈើ។

 

 

កាលណានិយាយអំពីគម្រោងផលិតអង្ករគឺយើងតែងគិតដល់ផ្នែកកសិកម្ម ក៏ប៉ុន្តែគម្រោងស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ អាយប៊ិសរ៉ាយគឺថែមទាំងបានជួយលើកទឹកចិត្តជំរុញអោយប្រជាកសិករ អោយស្រលាញ់និងប្ដេជ្ញាថែទាំងបរិស្ថាននៅក្នុងតំបន់ដែលគេរស់នៅទៀតផង។ គម្រោងស្រូវមិត្តភាពសង្រ្គោះសត្វព្រៃនេះនឹងទទួលទិញទិន្នផលស្រូវដោយអោយតម្លៃថ្លៃជាងទីផ្សារនិងថែមទាំងជួយរកទីផ្សារអោយពួកគេថែមទៀតផងដើម្បីជាការតបស្នងនូវអ្វីដែលពួកគេបានថែទាំបរិស្ថានយ៉ាងយកចិត្តទុកដាក់។